1. នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីព្រះជាម្ចាស់។
2. នៅថ្ងៃទីប្រាំ ក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ព្រះបាទយ៉ូយ៉ាគីនមកជាឈ្លើយ
3. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអេសេគាល ជាកូនរបស់លោកបូជាចារ្យប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ដាក់ព្រះហស្ដលើលោក។
4. ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្ដាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។
5. នៅខាងក្នុងពពកនោះ មានសត្វលោកបួន ដែលមានទ្រង់ទ្រាយដូចមនុស្ស។
6. សត្វនីមួយៗមានមុខបួន និងស្លាបបួន។
7. ជើងរបស់សត្វទាំងនោះត្រង់ រីឯប្រអប់ជើងមានរាងដូចក្រចកជើងកូនគោ ហើយចាំងពន្លឺដូចលង្ហិនដ៏រលោង។
8. នៅក្រោមស្លាបទាំងបួន មានដៃដូចដៃមនុស្ស លាតសន្ធឹងទៅរកទិសទាំងបួន ដូចមុខ និងស្លាបដែរ។
9. ស្លាបរបស់សត្វទាំងនោះភ្ជាប់គ្នាទៅវិញទៅមក។ សត្វទាំងបួនហើរតម្រង់ទៅមុខជានិច្ច ឥតងាករេឡើយ។
10. សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។
11. ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។
12. សត្វនីមួយៗហើរតម្រង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញឲ្យទៅ។
13. នៅចន្លោះសត្វទាំងបួនមានទ្រង់ទ្រាយដូចជាគប់ភ្លើង ហើយភ្លើងនោះធ្វើចលនាពីសត្វមួយទៅសត្វមួយ ទាំងបញ្ចេញពន្លឺរស្មីភ្លឺផ្លេក។