1. ក៏ប៉ុន្តែ ភាពងងឹតមិនគ្របបាំងទឹកដីដ៏សែនលំបាកនេះទៀតឡើយ។កាលពីមុន ព្រះអម្ចាស់បានធ្វើឲ្យតំបន់សាប់យូឡូន និងតំបន់ណែបថាលីត្រូវអាម៉ាស់តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យស្រុកនៅតាមឆ្នេរសមុទ្រស្រុកនៅខាងកើតទន្លេយ័រដាន់និងស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។
2. ប្រជាជនដែលដើរក្នុងភាពងងឹតបានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាចមានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
3. ឱព្រះអម្ចាស់អើយ ព្រះអង្គប្រោសប្រទានឲ្យប្រជាជាតិនេះបានចម្រើនឡើងព្រមទាំងឲ្យគេមានអំណរដ៏លើសលប់។គេនឹងសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអង្គដូចជាសប្បាយនៅរដូវចម្រូតឬដូចនៅពេលចែកជយភ័ណ្ឌដែរ
4. ដ្បិតព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវដូចនៅជំនាន់ដែលព្រះអង្គរំដោះបុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃនៃជនជាតិម៉ាឌានដែរ។
5. ស្បែកជើងរបស់ទាហានដែលតែងតែរុកទន្ទ្រាននិងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាមនឹងត្រូវដុតឲ្យឆេះអស់គ្មានសល់
6. ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមកសម្រាប់យើងព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គមកយើងហើយ។បុត្រនោះទទួលអំណាចគ្រប់គ្រងគេនឹងថ្វាយព្រះនាមថា:“ព្រះដ៏គួរស្ងើចសរសើរព្រះប្រកបដោយព្រះប្រាជ្ញាញាណព្រះដ៏មានឫទ្ធិចេស្ដាព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
7. ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាចព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គមានសេចក្ដីសុខសាន្តរហូតតទៅ។ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្សចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែងតរៀងទៅដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះមកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។
8. ព្រះអម្ចាស់ប្រកាសដាក់ទោសប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រាអែលដែលជាពូជពង្សរបស់លោកយ៉ាកុប។
9. ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីមនិងអ្នកស្រុកសាម៉ារី មុខជាដឹងហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖