2. មានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីឌថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យព្រះបាទអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
3. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
4. ត្រូវប្រាប់ស្ដេចថាសូមព្រះករុណាកុំខ្វល់ព្រះហឫទ័យកុំភ័យខ្លាចអ្វីឡើយ!សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ស្ដេចរេស៊ីន និងពួកស៊ីរីព្រមទាំងស្ដេចពេកាឲ្យសោះ។ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុសដែលហុយផ្សែង ជិតរលត់។
5. ស្ដេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីមនិងស្ដេចអ៊ីស្រាអែល ប្រឆាំងព្រះរាជាដោយពោលថា:
6. “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដាយើងបំភ័យគេឲ្យតក់ស្លុតហើយវាយលុកស្រុកគេរហូតដល់គេចុះញ៉មនឹងយើងបន្ទាប់មក យើងនឹងលើកកូនរបស់តាបបៀលឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។
7. ប៉ុន្តែ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:“ពួកគេមិនអាចសម្រេចការទាំងនេះបានទេការទាំងនេះពុំអាចកើតឡើងបានឡើយ។
8. ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរីស្ដេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។ក្នុងរវាងហុកសិបប្រាំឆ្នាំទៀតអេប្រាអ៊ីមនឹងត្រូវវិនាសសូន្យលែងមានឈ្មោះថាប្រជាជនទៀតហើយ។
9. ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីមស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើងយ៉ាងខ្ជាប់ខ្ជួនទេនោះអ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរយ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
10. ព្រះអម្ចាស់ចាត់លោកអេសាយឲ្យទៅទូលព្រះបាទអេហាសសាជាថ្មីថា៖
11. «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។
12. ព្រះបាទអេហាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។