14. ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះនាងនឹងសម្រាលបានបុត្រាមួយហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។
15. បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំរហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ហើយជ្រើសយកអ្វីៗដែលល្អវិញ។
16. ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗដែលអាក្រក់ហើយជ្រើសយកអ្វីៗដែលល្អស្រុករបស់ស្ដេចទាំងពីរដែលបានមកបំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។
17. ព្រះអម្ចាស់នឹងធ្វើឲ្យព្រះករុណាព្រមទាំងប្រជារាស្ត្រ និងព្រះរាជវង្សជួបប្រទះនឹងសភាពការណ៍ផ្សេងៗព្រោះតែស្ដេចរបស់ជនជាតិអាស្ស៊ីរីគឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីមបានបែកចេញពីប្រជាជាតិយូដាមកមិនដែលមានសភាពការណ៍បែបនេះទេ។
18. នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយដែលនៅខាងចុងជ្រោយទន្លេនីលនិងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
19. ឲ្យមកទំនៅតាមចំណោតភ្នំតាមក្រហែងថ្មទាំងឡាយព្រមទាំងនៅតាមគុម្ពោតនិងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។
20. នៅគ្រានោះព្រះអម្ចាស់នឹងជួលកាំបិតកោរពីខាងនាយទន្លេអឺប្រាត- គឺស្ដេចស្រុកអាស្ស៊ីរី -មកកោរសក់ កោររោមជើងនិងកោរពុកចង្ការបស់ប្រជាជាតិនេះ។
21. នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយនិងពពែញីពីរក្បាល
22. ហើយដោយសារសម្បូណ៌ទឹកដោះពេកប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុកនឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។
23. នៅគ្រានោះ គ្រប់ទីកន្លែងដែលមានទំពាំងបាយជូរមួយពាន់ដើមតម្លៃជាប្រាក់បីរយតម្លឹងបែរជាដុះសុទ្ធតែបន្លា និងរពាក់។
24. ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ព្រោះមានសុទ្ធតែបន្លា និងរពាក់។