11. «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។
12. ព្រះបាទអេហាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។
13. ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖«បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌសូមទ្រង់ព្រះសណ្ដាប់ទូលបង្គំ!ព្រះករុណាមិនត្រឹមតែធ្វើឲ្យមនុស្សណាយចិត្តប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំណាយព្រះហឫទ័យទៀតផង។
14. ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះនាងនឹងសម្រាលបានបុត្រាមួយហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។
15. បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំរហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ហើយជ្រើសយកអ្វីៗដែលល្អវិញ។
16. ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗដែលអាក្រក់ហើយជ្រើសយកអ្វីៗដែលល្អស្រុករបស់ស្ដេចទាំងពីរដែលបានមកបំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ។
17. ព្រះអម្ចាស់នឹងធ្វើឲ្យព្រះករុណាព្រមទាំងប្រជារាស្ត្រ និងព្រះរាជវង្សជួបប្រទះនឹងសភាពការណ៍ផ្សេងៗព្រោះតែស្ដេចរបស់ជនជាតិអាស្ស៊ីរីគឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីមបានបែកចេញពីប្រជាជាតិយូដាមកមិនដែលមានសភាពការណ៍បែបនេះទេ។
18. នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយដែលនៅខាងចុងជ្រោយទន្លេនីលនិងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
19. ឲ្យមកទំនៅតាមចំណោតភ្នំតាមក្រហែងថ្មទាំងឡាយព្រមទាំងនៅតាមគុម្ពោតនិងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។
20. នៅគ្រានោះព្រះអម្ចាស់នឹងជួលកាំបិតកោរពីខាងនាយទន្លេអឺប្រាត- គឺស្ដេចស្រុកអាស្ស៊ីរី -មកកោរសក់ កោររោមជើងនិងកោរពុកចង្ការបស់ប្រជាជាតិនេះ។
21. នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយនិងពពែញីពីរក្បាល
22. ហើយដោយសារសម្បូណ៌ទឹកដោះពេកប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុកនឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។