19. យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
20. ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។
21. ព្រះអម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ* និងអ្នកខ្លះឲ្យធ្វើជាពួកលេវី*ដែរ។
22. ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
23. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:រៀងរាល់ថ្ងៃបុណ្យចូលខែថ្មីនិងរៀងរាល់ថ្ងៃសប្ប័ទ*មនុស្សលោកទាំងអស់នឹងនាំគ្នាមកក្រាបថ្វាយបង្គំយើង។
24. ពេលគេចេញពីព្រះវិហារគេនឹងឃើញសាកសពរបស់មនុស្សដែលបានបះបោរប្រឆាំងនឹងយើង។ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់សាកសពទាំងនោះធ្វើឲ្យសត្វលោកទាំងអស់ខ្ពើមរអើម។