12. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនឹងឲ្យសេចក្ដីសុខសាន្តហូរមកក្រុងនេះ ដូចទឹកទន្លេយើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះដូចទឹកហូរប្រៀបមាត់ច្រាំង។យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូនបីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
13. ម្ដាយលួងលោមកូនយ៉ាងណាយើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរអ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹមដោយលែងមានទុក្ខព្រួយទៀត។
14. កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹមបានសុខសាន្តដូច្នេះអ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមីឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញតែព្រះអង្គសម្តែងព្រះពិរោធទាស់នឹងខ្មាំងសត្រូវរបស់ព្រះអង្គ។
15. មើល ព្រះអម្ចាស់កំពុងតែយាងមកព្រះអង្គយាងមកក្នុងភ្លើងរាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោសស្របតាមព្រះបន្ទូលដែលព្រះអង្គព្រមានទុកជាមុន។
16. ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ដោយប្រើភ្លើង និងដាវ ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
17. អស់អ្នកដែលខិតខំញែកខ្លួននិងជម្រះកាយឲ្យបរិសុទ្ធដើម្បីចូលទៅក្នុងសួនឧទ្យានរបស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើមមុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. យើងនឹងឲ្យមនុស្សគិតតែអំពីយើងហើយគិតតែពីធ្វើកិច្ចការសម្រាប់យើង។យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាឲ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។
19. យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
20. ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។
21. ព្រះអម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ* និងអ្នកខ្លះឲ្យធ្វើជាពួកលេវី*ដែរ។
22. ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
23. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:រៀងរាល់ថ្ងៃបុណ្យចូលខែថ្មីនិងរៀងរាល់ថ្ងៃសប្ប័ទ*មនុស្សលោកទាំងអស់នឹងនាំគ្នាមកក្រាបថ្វាយបង្គំយើង។
24. ពេលគេចេញពីព្រះវិហារគេនឹងឃើញសាកសពរបស់មនុស្សដែលបានបះបោរប្រឆាំងនឹងយើង។ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់សាកសពទាំងនោះធ្វើឲ្យសត្វលោកទាំងអស់ខ្ពើមរអើម។