1. សូមព្រះអង្គហែកផ្ទៃមេឃហើយយាងចុះមក!ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុនិងធ្វើឲ្យទឹកពុះកញ្ជ្រោលដើម្បីឲ្យខ្មាំងសត្រូវស្គាល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
2. ពេលព្រះអង្គសម្តែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំគឺនៅពេលព្រះអង្គយាងចុះមកភ្នំទាំងឡាយមុខជាកក្រើកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពុំខាន។
3. តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គឡើយគឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
4. ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែលប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយគឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធនៅពេលណាយើងខ្ញុំងាកចេញពីមាគ៌ារបស់ព្រះអង្គ។
5. យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្តដោយស្មានថាជាអំពើសុចរិតនោះប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាមយើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀមហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោកនាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
6. គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេគ្មាននរណាម្នាក់ភ្ញាក់រឭកហើយជំពាក់ចិត្តនឹងព្រះអង្គឡើយដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
7. ក៏ប៉ុន្តែ ព្រះអម្ចាស់អើយព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋហើយព្រះអង្គដូចជាជាងស្មូន។យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដរបស់ព្រះអង្គ។
8. ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធនឹងយើងខ្ញុំខ្លាំងពេកសូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំរហូតតទៅឡើយសូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។