9. គ្រប់ពេលពួកគេមានអាសន្នព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀតឲ្យមកសង្គ្រោះគេទេគឺព្រះអង្គបានសង្គ្រោះពួកគេដោយផ្ទាល់ព្រះអង្គ។ព្រះអង្គបានលោះពួកគេដោយព្រះហឫទ័យស្រឡាញ់និងព្រះហឫទ័យមេត្តាករុណា។ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃតាំងពីដើមរៀងមក។
10. ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែនាំគ្នាបះបោរពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធខកព្រះហឫទ័យហើយប្រឆាំងនឹងពួកគេវិញគឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។
11. ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ជំនាន់លោកម៉ូសេ។តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រជាមួយមេដឹកនាំរបស់ពួកគេទ្រង់នៅឯណា?តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
12. ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេហើយសម្តែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿងញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញរហូតតរៀងទៅ។
13. ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រដូចសេះបោលនៅវាលរហោស្ថានគេមិនជំពប់ដួលឡើយ។
14. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាកនៅតាមជ្រលងភ្នំដែរ។ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គបែបនេះដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញថ្កុំថ្កើងរុងរឿង។
15. សូមទ្រង់ទតមើលពីលើមេឃគឺពីព្រះដំណាក់ដ៏វិសុទ្ធនិងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុតនិងភាពអង់អាចរបស់ព្រះអង្គ!ហេតុដូចម្ដេចបានជាព្រះអង្គលែងអាណិតមេត្តាលែងអាណិតអាសូរទូលបង្គំដូច្នេះ!
16. បពិត្រព្រះអម្ចាស់ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេលោកអ៊ីស្រាអែលក៏ពុំដែលបានឃើញយើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះបិតារបស់យើងខ្ញុំហើយតាំងពីដើមរៀងមក យើងតែងហៅព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
17. ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ារបស់ព្រះអង្គដូច្នេះ?ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំមានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាចព្រះអង្គដូច្នេះ?សូមយាងមកវិញសូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើនិងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
18. យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គមិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈរបស់ព្រះអង្គ។