10. ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ព្រះអង្គតែងតែនាំគ្នាបះបោរពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធខកព្រះហឫទ័យហើយប្រឆាំងនឹងពួកគេវិញគឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។
11. ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គនឹកដល់ជំនាន់លោកម៉ូសេ។តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រជាមួយមេដឹកនាំរបស់ពួកគេទ្រង់នៅឯណា?តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យគង់នៅជាមួយពួកគេ ទ្រង់នៅឯណា?
12. ព្រះអង្គគង់នៅខាងស្ដាំលោកម៉ូសេហើយសម្តែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿងញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ព្រះអង្គដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញរហូតតរៀងទៅ។
13. ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រដូចសេះបោលនៅវាលរហោស្ថានគេមិនជំពប់ដួលឡើយ។
14. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាកនៅតាមជ្រលងភ្នំដែរ។ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គបែបនេះដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញថ្កុំថ្កើងរុងរឿង។
15. សូមទ្រង់ទតមើលពីលើមេឃគឺពីព្រះដំណាក់ដ៏វិសុទ្ធនិងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុតនិងភាពអង់អាចរបស់ព្រះអង្គ!ហេតុដូចម្ដេចបានជាព្រះអង្គលែងអាណិតមេត្តាលែងអាណិតអាសូរទូលបង្គំដូច្នេះ!
16. បពិត្រព្រះអម្ចាស់ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេលោកអ៊ីស្រាអែលក៏ពុំដែលបានឃើញយើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះបិតារបស់យើងខ្ញុំហើយតាំងពីដើមរៀងមក យើងតែងហៅព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។