2. ពេលនោះ ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នកហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។គេនឹងហៅអ្នកតាមឈ្មោះថ្មីជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។
3. អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីតនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
4. គេនឹងលែងហៅអ្នកថា“ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយគេក៏នឹងលែងហៅទឹកដីរបស់អ្នកថា“ដីដែលគេបោះបង់ចោលដែរ”។ផ្ទុយទៅវិញ គេនឹងហៅអ្នកថា“ព្រលឹងមាសបង!”ហើយគេនឹងហៅទឹកដីរបស់អ្នកថា“ភរិយាសម្លាញ់ចិត្ត”ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកហើយទឹកដីរបស់អ្នកនឹងបានដូចជាស្ត្រីដែលជានានឹងប្ដីឡើងវិញ។
5. ព្រះអង្គដែលបានសង់អ្នកនឹងរៀបការជាមួយអ្នកដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយឲ្យស្វាមីយ៉ាងណាអ្នកក៏ផ្ដល់អំណរសប្បាយដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
6. យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាមនៅតាមកំពែងរបស់អ្នកទោះបីថ្ងៃក្ដីយប់ក្ដីអ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយគឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹមអ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
7. អ្នកត្រូវទទូចអង្វរ ឥតឈប់ឈររហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹមឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ
8. ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយកឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថាយើងមិនប្រគល់ស្រូវរបស់អ្នកទៅឲ្យខ្មាំងសត្រូវទៀតឡើយកូនចៅរបស់សាសន៍ដទៃក៏លែងផឹកស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់នោះទៀតដែរ។
9. ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់នឹងបានស្រូវបានអង្ករបរិភោគហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរនឹងបានស្រាទំពាំងបាយជូរផឹកនៅក្នុងទីធ្លាសក្ការៈរបស់យើង។
10. ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង!ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវចូរយកដុំថ្មចេញហើយលើកទង់សញ្ញាមួយឲ្យប្រជាជនទាំងឡាយឃើញ!
11. ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែលនៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ:ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថាមើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នកទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នកដែលព្រះអង្គបានលោះមកជាមួយផងពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
12. គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថាទីក្រុងបណ្ដូលចិត្តក្រុងដែលគេមិនបោះបង់ចោល។