11. ទោះជាយប់ ឬថ្ងៃក្ដី ទ្វាររបស់អ្នកនៅបើកចំហជានិច្ច ឥតបិទសោះឡើយដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហូរចូលមកនិងឲ្យស្ដេចរបស់ពួកគេមកជាហូរហែដែរ។
12. ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
13. គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកឲ្យអ្នកគឺឈើដ៏មានតម្លៃទាំងអស់ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹមលំអទីសក្ការៈរបស់យើង។យើងនឹងធ្វើឲ្យកន្លែងដែលយើងស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
14. កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នកនឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នកពួកដែលបានជេរប្រមាថអ្នកនឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នកគេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់”“ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល”។
15. ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នកហើយគ្មាននរណាដើរកាត់តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរជាក្រុងដ៏សប្បាយរហូតអស់កល្បជាអង្វែងតរៀងទៅ។
16. ប្រជាជាតិ និងស្ដេចទាំងឡាយនឹងធ្វើជាមេដោះរបស់អ្នក។អ្នកនឹងទទួលស្គាល់ថាព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុបជាព្រះប្រកបដោយឫទ្ធិបារមី។
17. យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិនប្រាក់ជំនួសដែកលង្ហិនជំនួសឈើ ដែកជំនួសថ្ម។យើងឲ្យសន្តិភាព និងយុត្តិធម៌គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
18. ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពីអំពើហិង្សាទៀតហើយក្នុងទឹកដីរបស់អ្នកក៏លែងមានការវិនាសហិនហោចទៀតដែរ។គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ”ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។
19. នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេហើយនៅពេលយប់អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតតរៀងទៅព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។