1. នៅឆ្នាំដែលព្រះបាទអ៊ូសៀសសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។
2. នៅពីលើព្រះអង្គ មានពពួកសេរភីម*។ សេរភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។
3. សេរភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖«ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធគឺព្រះអម្ចាស់នៃពិភពទាំងមូល!ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។
4. ព្រះសូរសៀងរបស់ព្រះអង្គធ្វើឲ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។
5. ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ* ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់ នៃពិភពទាំងមូល»។
6. ខណៈនោះ សេរភីមមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង
7. រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់ លោកដូច្នេះ ព្រះអម្ចាស់លើកលែងទោសឲ្យលោក ព្រះអង្គដកបាបចេញពីលោកហើយ»។
8. បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖«តើយើងនឹងចាត់អ្នកណាឲ្យទៅតើនរណានឹងនាំពាក្យរបស់យើង?»។ខ្ញុំទូលឆ្លើយថា៖«ទូលបង្គំនៅទីនេះស្រាប់ហើយ!សូមព្រះអង្គចាត់ទូលបង្គំចុះ!»។
9. ព្រះអង្គមានព្រះបន្ទូលថា៖«ទៅចុះ! ចូរទៅប្រាប់ប្រជាជននេះថាទោះបីអ្នករាល់គ្នាខំប្រឹងស្ដាប់ក៏អ្នករាល់គ្នាមិនយល់ទោះបីអ្នករាល់គ្នាខំប្រឹងមើលក៏អ្នករាល់គ្នាមិនឃើញដែរ។
10. ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូសចូរធ្វើឲ្យត្រចៀកគេធ្ងន់ចូរបិទភ្នែកគេ កុំឲ្យមើលឃើញកុំឲ្យត្រចៀកគេស្ដាប់ឮកុំឲ្យប្រាជ្ញារបស់គេស្វែងយល់បានក្រែងលោគេប្រែចិត្តគំនិតហើយយើងនឹងប្រោសគេឲ្យបានជា!»។