1. ព្រះអម្ចាស់មានព្រះបន្ទូលថា:ក្រុងយេរូសាឡឹមអើយអ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារតែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ!អ្នកដែលលែងសម្រាលកូនអើយ!ចូរអបអរសាទរឡើងដ្បិតភរិយាដែលស្វាមីបោះបង់ចោលនឹងមានកូនច្រើនជាងភរិយាដែលស្វាមីនៅជាមួយទៅទៀត។
2. ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើងចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នកឲ្យវែងកុំសំចៃឡើយ!ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ
3. ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើងពូជពង្សអ្នកនឹងទទួលស្រុករបស់ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែលគេបានបោះបង់ចោលផង។
4. កុំភ័យខ្លាចអ្វីអ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយកុំព្រួយចិត្តឲ្យសោះដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយអ្នកនឹងភ្លេចភាពអាម៉ាស់ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេងអ្នកនឹងឈប់នឹកនាពីការត្មះតិះដៀលនៅគ្រាដែលយើងបោះបង់ចោលអ្នក។
5. ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក!ព្រះអង្គមានព្រះនាមថា«ព្រះអម្ចាស់នៃពិភពទាំងមូល»។ព្រះដែលបានលោះអ្នកមកនោះគឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលព្រះអង្គមានព្រះនាមថា«ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
6. អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោលហើយកើតទុក្ខក្រៀមក្រំតែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នកឲ្យវិលមកវិញហើយ។ព្រះរបស់អ្នកមានព្រះបន្ទូលថា:“បុរសពុំអាចបោះបង់ចោលភរិយាដែលខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
7. យើងបានបោះបង់អ្នកមួយភ្លែតមែនតែយើងនឹងទទួលអ្នកមកវិញដោយចិត្តអាណិតអាសូរពន់ពេកណាស់។
8. យើងបានខឹងសម្បារនឹងអ្នកព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែនប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នកព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោះអ្នកមកវិញ។