1. ប្រជាជនតបថា តើនរណាជឿសេចក្ដីដែលគេប្រាប់យើង?តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមីចំពោះនរណា?
2. នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់អ្នកបម្រើប្រៀបបាននឹងពន្លកមួយដែលលូតលាស់មិនសូវល្អដូចដំណាំដែលដុះចេញពីដីហួតហែង។លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ឡើយហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យទាក់ទាញចិត្តយើងដែរ។
3. លោកជាមនុស្សដែលត្រូវគេមើលងាយគ្មាននរណារាប់រក។លោកជាមនុស្សស្គាល់តែការឈឺចាប់ធ្លាប់តែរងទុក្ខវេទនាលោកដូចមនុស្សដែលគេខ្ពើមគេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។យើងបានមើលងាយលោកហើយមិនរាប់រកលោកឡើយ។
4. តាមពិត លោកបានរងទុក្ខវេទនាជំនួសយើងលោកទទួលយកការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។រីឯយើងវិញ យើងស្មានថាព្រះជាម្ចាស់បានដាក់ទោសលោកព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
5. ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះព្រោះតែការបះបោររបស់យើងលោកត្រូវគេជាន់ឈ្លីព្រោះតែអំពើទុច្ចរិតរបស់យើងលោកបានរងទារុណកម្មដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្តហើយដោយសារស្នាមរបួសរបស់លោកយើងក៏បានជាសះស្បើយ។
6. កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេងដូចចៀមដែលបែកចេញពីហ្វូងម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើលោក។
7. លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួនមិនហើបមាត់ទាល់តែសោះដូចកូនចៀមដែលគេដឹកទៅទីពិឃាតឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោមលោកមិនបានហើបមាត់ទាល់តែសោះ។
8. គេចាប់លោកទាំងបង្ខំយកទៅកាត់ទោសហើយនាំទៅសម្លាប់គ្មាននរណារវីរវល់យកចិត្តទុកដាក់នឹងពូជពង្សរបស់លោកឡើយ។គេបានដកលោកចេញពីចំណោមមនុស្សដែលរស់នៅលើផែនដីនេះលោកត្រូវគេវាយរហូតដល់បាត់បង់ជីវិតព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។