អេសាយ 5:9-26 Khmer Standard Version (KHSV)

9. ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះនឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។

10. ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តានឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូបាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។

11. អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹមស្វែង​រក​ស្រា​ខ្លាំងហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

12. ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយដោយ​មាន​សំឡេង​ពិណ និង​ចាប៉ីព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះ‌អម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថាព្រះ‌អង្គ​កំពុង​សម្រេច​ការ​អ្វី​ទេ។

13. ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។

14. ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់‌លៀង​សប្បាយមច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំលេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជា‌ជន​តូច‌តាចនៅ​ក្រុង​យេរូ‌សាឡឹម។

15. មនុស្ស​លោក​នឹង​ត្រូវ​អាប់​អោនគេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដីមនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។

16. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សម្តែងភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គដោយ​វិនិច្ឆ័យ​ទោស​ពួក​គេព្រះ​ដ៏‌វិសុទ្ធ​នឹង​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។

17. ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែកដូច​នៅ​តាម​វាល​ស្មៅហើយ​ពពែ​ដែល​គេ​បំប៉នក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។

18. អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាបដូច​គោ​ខំ​ប្រឹង​ទាញ​រទេះមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខានព្រោះ​គេ​នឹង​ទទួល​ទោសតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

19. ពួក​គេ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​បំពេញកិច្ចការ​របស់​ព្រះ‌អង្គ​ឲ្យ​ឆាប់ៗ​ទៅដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង!សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏‌វិសុទ្ធនៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្រេច​ឆាប់ៗដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។

20. អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អហៅ​អំពើ​ល្អ​ថា​អាក្រក់ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹតហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ជា​ការ​សប្បាយចាត់​ទុក​ការ​សប្បាយ​ថា​ជា​ការ​ជូរ​ចត់មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

21. អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញាហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹងមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

22. អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រាហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំងមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

23. ពួក​គេ​ទទួល​សំណូកហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោសនិង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។

24. ហេតុ​នេះ ពួក​គេ​នឹង​រលួយ​ទាំង​ឫសផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដីដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

25. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ វាយ​ប្រហារ​ពួក​គេពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាមនៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះ‌ពិរោធ​របស់ព្រះ‌អង្គ​នៅ​តែ​មិន​ស្ងប់​ដែរព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ​ដដែល។

26. ព្រះ‌អង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិដែល​នៅ​ឆ្ងាយៗព្រះ‌អង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដីពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។

អេសាយ 5