6. ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែលគេបោះបង់ចោល គ្មានអ្នកណាលួសមែកគ្មានអ្នកណាជ្រួយដីទៀតឡើយគឺមានតែរពាក់ បន្លាដុះពាសពេញខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀងមកលើចម្ការនេះតទៅទៀតឡើយ។
7. ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែលដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់គឺប្រជាជនយូដា។ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើយុត្តិធម៌តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិតព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើសុចរិតតែព្រះអង្គបែរឮស្នូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
8. អស់អ្នកដែលរឹបអូសយកផ្ទះគេមកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន!អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯងក៏ត្រូវវេទនាដែរ!ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេងលែងមានដីទៀតហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់តែពួកគេប៉ុណ្ណោះ។
9. ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ផ្ទះដ៏ស្កឹមស្កៃទាំងនេះនឹងគ្មានមនុស្សនៅទៀតទេ។
10. ចម្ការទំពាំងបាយជូរបីហិកតានឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រស្រូវពូជដែលព្រោះទៅមួយរយគីឡូបានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
11. អស់អ្នកដែលក្រោកឡើងពីព្រលឹមស្វែងរកស្រាខ្លាំងហើយគិតតែផឹករហូតដល់អធ្រាត្រមុខជាត្រូវវេទនាពុំខាន!
12. ពួកគេគិតតែពីផឹកស្រាសប្បាយដោយមានសំឡេងពិណ និងចាប៉ីព្រមទាំងក្រាប់ និងខ្លុយលេងកំដរពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថាព្រះអង្គកំពុងសម្រេចការអ្វីទេ។
13. ហេតុនេះហើយបានជាខ្មាំងនឹងកៀរប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយដ្បិតពួកគេមិនយល់អ្វីទាំងអស់។អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
14. ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយមច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំលេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាចនៅក្រុងយេរូសាឡឹម។
15. មនុស្សលោកនឹងត្រូវអាប់អោនគេនឹងដួលផ្កាប់មុខដល់ដីមនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។
16. ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្តែងភាពថ្កុំថ្កើងរបស់ព្រះអង្គដោយវិនិច្ឆ័យទោសពួកគេព្រះដ៏វិសុទ្ធនឹងសម្តែងភាពវិសុទ្ធរបស់ព្រះអង្គដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
17. ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែកដូចនៅតាមវាលស្មៅហើយពពែដែលគេបំប៉នក៏មកស៊ីស្មៅនៅតាមនោះដែរ។
18. អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាបដូចគោខំប្រឹងទាញរទេះមុខជាត្រូវវេទនាពុំខានព្រោះគេនឹងទទួលទោសតាមអំពើដែលខ្លួនប្រព្រឹត្ត។
19. ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គឲ្យឆាប់ៗទៅដើម្បីឲ្យយើងបានឃើញផង!សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ៗដើម្បីឲ្យយើងបានស្គាល់ផង!»។