18. អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាបដូចគោខំប្រឹងទាញរទេះមុខជាត្រូវវេទនាពុំខានព្រោះគេនឹងទទួលទោសតាមអំពើដែលខ្លួនប្រព្រឹត្ត។
19. ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គឲ្យឆាប់ៗទៅដើម្បីឲ្យយើងបានឃើញផង!សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ៗដើម្បីឲ្យយើងបានស្គាល់ផង!»។
20. អស់អ្នកដែលហៅអំពើអាក្រក់ថាល្អហៅអំពើល្អថាអាក្រក់ចាត់ទុកភាពងងឹតថាជាពន្លឺចាត់ទុកពន្លឺថាជាភាពងងឹតហើយចាត់ទុកការជូរចត់ថាជាការសប្បាយចាត់ទុកការសប្បាយថាជាការជូរចត់មុខជាត្រូវវេទនាពុំខាន!
21. អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញាហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹងមុខជាត្រូវវេទនាពុំខាន!
22. អស់អ្នកដែលពូកែខាងផឹកស្រាហើយជាជើងឯកខាងបិតស្រាខ្លាំងមុខជាត្រូវវេទនាពុំខាន!
23. ពួកគេទទួលសំណូកហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោសនិងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។
24. ហេតុនេះ ពួកគេនឹងរលួយទាំងឫសផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដីដូចអណ្ដាតភ្លើងឆាបឆេះស្បូវឬដូចចំបើងត្រូវភ្លើងឆេះដែរដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅរបស់ព្រះអម្ចាស់នៃពិភពទាំងមូលហើយមាក់ងាយព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
25. ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើហើយនឹងមានសាកសពដូចជាសំរាមនៅពាសពេញតាមដងផ្លូវ។ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ព្រះអង្គនៅតែមិនស្ងប់ដែរព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
26. ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិដែលនៅឆ្ងាយៗព្រះអង្គធ្វើសញ្ញាហៅពួកគេពីស្រុកដាច់ស្រយាលនៃផែនដីពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
27. ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់គ្មាននរណាម្នាក់បាក់កម្លាំងហើយក៏គ្មាននរណាម្នាក់ងោកងុយឬដេកលង់លក់ដែរ។គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះឬស្រាយខ្សែស្បែកជើងសោះឡើយ។
28. ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ចធ្នូរបស់គេនៅត្រៀមជាស្រេចក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើបកង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។