1. ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំនិងចម្ការទំពាំងបាយជូររបស់គាត់។មិត្តសម្លាញ់របស់ខ្ញុំមានចម្ការទំពាំងបាយជូរមួយនៅលើជម្រាលភ្នំដែលមានជីជាតិល្អ
2. គាត់បានកាប់គាស់ដី រើសដុំថ្មចេញហើយដាំទំពាំងបាយជូរពូជល្អបំផុត។គាត់បានសង់ខ្ទមនិងជីកកន្លែងបញ្ជាន់ផ្លែនៅកណ្ដាលចម្ការនោះគាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះបែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។
3. មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយសូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។
4. ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការនេះហើយ តើនៅខ្វះអ្វីទៀត?ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អតែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែផ្លែមិនល្អទៅវិញដូច្នេះ?
5. ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះគឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
6. ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែលគេបោះបង់ចោល គ្មានអ្នកណាលួសមែកគ្មានអ្នកណាជ្រួយដីទៀតឡើយគឺមានតែរពាក់ បន្លាដុះពាសពេញខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀងមកលើចម្ការនេះតទៅទៀតឡើយ។
7. ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែលដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់គឺប្រជាជនយូដា។ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើយុត្តិធម៌តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិតព្រះអង្គនឹកសង្ឃឹមថាពួកគេនឹងប្រព្រឹត្តអំពើសុចរិតតែព្រះអង្គបែរឮស្នូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
8. អស់អ្នកដែលរឹបអូសយកផ្ទះគេមកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន!អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯងក៏ត្រូវវេទនាដែរ!ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេងលែងមានដីទៀតហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់តែពួកគេប៉ុណ្ណោះ។
9. ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់ផ្ទះដ៏ស្កឹមស្កៃទាំងនេះនឹងគ្មានមនុស្សនៅទៀតទេ។
10. ចម្ការទំពាំងបាយជូរបីហិកតានឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រស្រូវពូជដែលព្រោះទៅមួយរយគីឡូបានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
11. អស់អ្នកដែលក្រោកឡើងពីព្រលឹមស្វែងរកស្រាខ្លាំងហើយគិតតែផឹករហូតដល់អធ្រាត្រមុខជាត្រូវវេទនាពុំខាន!