2. ចូរយកត្បាល់ពីរមកកិនម្សៅចូរយកស្បៃចេញពីមុខចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ!
3. មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នកគេនឹងឃើញភាពអាម៉ាស់របស់អ្នកយើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នកឥតមាននរណាឃាត់យើងបានឡើយ។
4. ព្រះដែលលោះយើងមានព្រះនាមថា«ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល»
5. ក្រុងរបស់ជនជាតិខាល់ដេអើយចូរអង្គុយយ៉ាងស្ងៀមស្ងាត់ចូរធ្លាក់ក្នុងទីងងឹតទៅ!គេនឹងលែងហៅអ្នកថាជាម្ចាស់គ្រប់គ្រងលើនគរនានាទៀតហើយ។
6. ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើងយើងបានបំបាក់មុខប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកតែអ្នកពុំបានអាណិតមេត្តាពួកគេសោះអ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
7. អ្នកពោលថា“យើងជាម្ចាស់គ្រប់គ្រងជាអង្វែងតរៀងទៅ”អ្នកពុំបានរិះគិតអំពីព្រឹត្តិការណ៍ទាំងនេះឲ្យដិតដល់ទេគឺអ្នកពុំបានចងចាំថាព្រឹត្តិការណ៍នេះនឹងមានទីបញ្ចប់ឡើយ។
8. ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយគិតតែពីអួតក្អេងក្អាងអើយអ្នកតែងគិតថា“គ្មាននរណាផ្ទឹមស្មើនឹងអញទេអញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយអញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់!
9. ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នកយ៉ាងទាន់ហន់គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ទុក្ខវេទនានេះនឹងកើតមានដល់អ្នកគេចមិនផុតឡើយទោះបីអ្នកមានមន្តអាគម ឬមានគាថាការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
10. អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួនហើយអ្នកតែងតែពោលថា“គ្មាននរណាមើលអញឃើញទេ!”ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យអ្នកបែរទៅជាវង្វេងអ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។
11. ទុក្ខវេទនានឹងកើតមានដល់អ្នកអ្នករកច្រកចេញពុំរួចឡើយមហន្តរាយនឹងធ្លាក់មកលើអ្នកហើយអ្នកការពារខ្លួនពុំបានឡើយការវិនាសដែលអ្នកនឹកស្មានមិនដល់នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។