7. យើងបង្កើតពន្លឺ និងភាពងងឹតយើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនាគឺយើងនេះហើយជាព្រះអម្ចាស់ដែលប្រព្រឹត្តការទាំងនេះ។
8. ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមកដូចទឹកសន្សើមចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមកដូចទឹកភ្លៀងចូរឲ្យផែនដីបើកចំហដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើងនិងឲ្យសេចក្ដីសុចរិតពន្លកចេញជាមួយគ្នាដែរ។យើងនេះហើយជាព្រះអម្ចាស់ដែលបានបង្កើតអ្នកនោះមក»។
9. អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួនអ្នកនោះមុខជាវេទនាពុំខាន!អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូនដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង!ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
10. អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា“ម្ដេចក៏បង្កើតកូនបែបនេះមក”អ្នកនោះមុខជាត្រូវវេទនាពុំខាន។
11. រីឯព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលជាព្រះដែលបានបង្កើតជនជាតិនេះមកទ្រង់មានព្រះបន្ទូលថា“តើអ្នករាល់គ្នាចង់សាកសួរយើងអំពីកិច្ចការដែលយើងត្រូវធ្វើនៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ?អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការដែលយើងត្រូវធ្វើឬ?
12. យើងនេះហើយដែលបានបង្កើតផែនដីព្រមទាំងបានបង្កើតមនុស្សឲ្យរស់នៅលើផែនដីនេះផងយើងបានលាតសន្ធឹងផ្ទៃមេឃដោយដៃរបស់យើងផ្ទាល់ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាននៅលើមេឃដែរ”។
13. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងនេះហើយដែលលើកស្ដេចស៊ីរូសឡើងតាមសេចក្ដីសុចរិតរបស់យើងយើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្ដេចនោះ។ស្ដេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញព្រមទាំងបើកឲ្យប្រជាជនរបស់យើងដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញដោយមិនបាច់បង់ពិន័យឬក៏ជូនសគុណអ្វីឡើយ”។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា:សម្បត្តិរបស់ស្រុកអេស៊ីបនិងភោគទ្រព្យរបស់ស្រុកអេត្យូពីរីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបានឹងឆ្លងកាត់តាមអ្នកហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នកទាំងជាប់ច្រវាក់គេនាំគ្នាក្រាបនៅចំពោះមុខអ្នកហើយប្រកាសប្រាប់អ្នកថា:“ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែនក្រៅពីព្រះអង្គ គ្មានព្រះណាទៀតទេដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
15. ឱព្រះរបស់ជនជាតិអ៊ីស្រាអែលដែលជាព្រះសង្គ្រោះអើយមនុស្សលោកពិបាករកឃើញព្រះអង្គណាស់!