1. ព្រះអម្ចាស់មានព្រះបន្ទូលទៅស្ដេចស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះថា៖«យើងកាន់ដៃស្ដាំរបស់អ្នកយើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នកហើយដកអាវុធពីស្ដេចទាំងឡាយព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នករហូតតរៀងទៅ។
2. យើងនឹងដើរនៅមុខអ្នកយើងនឹងពង្រាបកន្លែងរដិបរដុបឲ្យរាបស្មើយើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។
3. យើងនឹងប្រគល់មាសប្រាក់ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នកព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែលគេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។
4. យើងហៅអ្នកចំឈ្មោះព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឲ្យអ្នកទោះបីអ្នកមិនស្គាល់យើងក៏ដោយព្រោះយើងអាណិតកូនចៅរបស់យ៉ាកុបជាអ្នកបម្រើរបស់យើងគឺជនជាតិអ៊ីស្រាអែលដែលយើងបានជ្រើសរើស។
5. យើងនេះហើយជាព្រះអម្ចាស់គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេទោះបីអ្នកមិនស្គាល់យើងក្ដីក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច
6. ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូលតាំងពីទិសខាងកើតដល់ទិសខាងលិចទទួលស្គាល់ថា ក្រៅពីយើងព្រះឯទៀតៗសុទ្ធតែឥតបានការ។យើងនេះហើយជាព្រះអម្ចាស់គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។
7. យើងបង្កើតពន្លឺ និងភាពងងឹតយើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនាគឺយើងនេះហើយជាព្រះអម្ចាស់ដែលប្រព្រឹត្តការទាំងនេះ។
8. ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមកដូចទឹកសន្សើមចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមកដូចទឹកភ្លៀងចូរឲ្យផែនដីបើកចំហដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើងនិងឲ្យសេចក្ដីសុចរិតពន្លកចេញជាមួយគ្នាដែរ។យើងនេះហើយជាព្រះអម្ចាស់ដែលបានបង្កើតអ្នកនោះមក»។
9. អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួនអ្នកនោះមុខជាវេទនាពុំខាន!អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូនដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង!ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
10. អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា“ម្ដេចក៏បង្កើតកូនបែបនេះមក”អ្នកនោះមុខជាត្រូវវេទនាពុំខាន។
11. រីឯព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលជាព្រះដែលបានបង្កើតជនជាតិនេះមកទ្រង់មានព្រះបន្ទូលថា“តើអ្នករាល់គ្នាចង់សាកសួរយើងអំពីកិច្ចការដែលយើងត្រូវធ្វើនៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ?អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការដែលយើងត្រូវធ្វើឬ?
12. យើងនេះហើយដែលបានបង្កើតផែនដីព្រមទាំងបានបង្កើតមនុស្សឲ្យរស់នៅលើផែនដីនេះផងយើងបានលាតសន្ធឹងផ្ទៃមេឃដោយដៃរបស់យើងផ្ទាល់ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាននៅលើមេឃដែរ”។
13. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងនេះហើយដែលលើកស្ដេចស៊ីរូសឡើងតាមសេចក្ដីសុចរិតរបស់យើងយើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្ដេចនោះ។ស្ដេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញព្រមទាំងបើកឲ្យប្រជាជនរបស់យើងដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញដោយមិនបាច់បង់ពិន័យឬក៏ជូនសគុណអ្វីឡើយ”។