8. កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយតាំងពីដើមរៀងមកយើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ចអ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយក្រៅពីយើង តើមានព្រះណាទៀតទេ?ទេ! គ្មានថ្មដាណាទៀតឡើយយើងមិនដែលបានស្គាល់ទាល់តែសោះ។
9. អស់អ្នកដែលឆ្លាក់រូបបដិមាសុទ្ធតែជាមនុស្សឥតបានការរីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃក៏គ្មានសារប្រយោជន៍អ្វីដែរ។រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេតែជាសាក្សីដែលមិនចេះមើលហើយក៏មិនដឹងអ្វីដែរគឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
10. អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមាដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះពិតជាមនុស្សល្ងីល្ងើមែន!
11. រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះនឹងត្រូវអាម៉ាស់ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។ទុកឲ្យពួកគេប្រមូលគ្នាឲ្យគេជួបជុំគ្នាទៅពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
12. ជាងដែកយកលោហធាតុមកដុតដំនឹងញញួរធ្វើជារូប។អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំងបើគេមិនផឹកទឹក គេមុខជានឿយហត់។
13. ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើនិងគូររូបពីលើហើយយកពន្លាកមកដាប់ឈើនោះតាមរូបរាង និងភិនភាគដូចមនុស្សរួចយកទៅតម្កល់នៅក្នុងវិហារមួយ។
14. គេកាប់ដើមឈើដ៏ធំៗគេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។គេដាំដើមស្រល់ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
15. មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុសសម្រាប់កម្ដៅផ្ទះ និងចំអិនម្ហូបអាហារ។គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះសម្រាប់ក្រាបថ្វាយបង្គំនិងធ្វើជារូបបដិមាសម្រាប់គោរពបូជា។
16. គេយកឈើមួយចំណែកទៅធ្វើជាអុសអាំងសាច់បរិភោគចំអែតក្រពះហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។
17. រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជារូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំគេគោរពបម្រើរូបនោះ និងទូលអង្វរថា“សូមរំដោះទូលបង្គំផង!ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។
18. អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណាព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
19. គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិតនិងពិចារណា រួចពោលថា“ខ្ញុំបានដុតឈើអស់ពាក់កណ្ដាលខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើងខ្ញុំអាំងសាច់បរិភោគ។រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើមរួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
20. គេចាប់ចិត្តនឹងអ្វីដែលជាផេះចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យវង្វេងវង្វាន់លែងដឹងអ្វីសោះ។រូបព្រះរបស់គេពុំអាចរំដោះគេបានទេប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះជាព្រះក្លែងក្លាយឡើយ។