13. ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើនិងគូររូបពីលើហើយយកពន្លាកមកដាប់ឈើនោះតាមរូបរាង និងភិនភាគដូចមនុស្សរួចយកទៅតម្កល់នៅក្នុងវិហារមួយ។
14. គេកាប់ដើមឈើដ៏ធំៗគេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។គេដាំដើមស្រល់ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
15. មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុសសម្រាប់កម្ដៅផ្ទះ និងចំអិនម្ហូបអាហារ។គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះសម្រាប់ក្រាបថ្វាយបង្គំនិងធ្វើជារូបបដិមាសម្រាប់គោរពបូជា។
16. គេយកឈើមួយចំណែកទៅធ្វើជាអុសអាំងសាច់បរិភោគចំអែតក្រពះហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។
17. រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជារូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំគេគោរពបម្រើរូបនោះ និងទូលអង្វរថា“សូមរំដោះទូលបង្គំផង!ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។
18. អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណាព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
19. គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិតនិងពិចារណា រួចពោលថា“ខ្ញុំបានដុតឈើអស់ពាក់កណ្ដាលខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើងខ្ញុំអាំងសាច់បរិភោគ។រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើមរួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
20. គេចាប់ចិត្តនឹងអ្វីដែលជាផេះចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យវង្វេងវង្វាន់លែងដឹងអ្វីសោះ។រូបព្រះរបស់គេពុំអាចរំដោះគេបានទេប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះជាព្រះក្លែងក្លាយឡើយ។
21. អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើងយើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើងអ៊ីស្រាអែលអើយយើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
22. យើងលុបបំបាត់ទោស និងកំហុសរបស់អ្នកដូចពពករសាត់បាត់ទៅចូរវិលត្រឡប់មករកយើងវិញដ្បិតយើងបានលោះអ្នកហើយ។
23. ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើងដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើងភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើងរីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់លោកយ៉ាកុបហើយព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
24. ព្រះអម្ចាស់ដែលបានលោះអ្នកគឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុងផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ:“យើងជាព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃហើយយើងក៏បានសន្ធឹងផែនដីដោយខ្លួនយើងផ្ទាល់។
25. យើងធ្វើឲ្យទំនាយរបស់គ្រូហោរទៅជាឥតបានការយើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
26. យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើងហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែលយើងចាត់ឲ្យមកនោះ បានសម្រេច។យើងថ្លែងអំពីក្រុងយេរូសាឡឹមថាចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញយើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថាចូរសង់ក្រុងទាំងនោះឡើងវិញយើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែកមានរូបរាងឡើងវិញ។