អេសាយ 44:12-23 Khmer Standard Version (KHSV)

12. ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុតដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំងបើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។

13. ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើនិង​គូរ​រូប​ពី​លើហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះតាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្សរួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។

14. គេ​កាប់​ដើម​ឈើ​ដ៏​ធំៗគេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។គេ​ដាំ​ដើម​ស្រល់ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។

15. មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុសសម្រាប់​កម្ដៅ​ផ្ទះ និង​ចំអិន​ម្ហូប​អាហារ។គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះសម្រាប់​ក្រាប​ថ្វាយ‌បង្គំនិង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព​បូជា។

16. គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុសអាំង​សាច់​បរិភោគ​ចំអែត​ក្រពះហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។

17. រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជារូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំគេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា“សូម​រំដោះ​ទូលបង្គំ​ផង!ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូលបង្គំ!”។

18. អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណាព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។

19. គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិតនិង​ពិចារណា រួច​ពោល​ថា“ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាលខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើងខ្ញុំ​អាំង​សាច់​បរិភោគ។រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើមរួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។

20. គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យវង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។

21. អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើងយើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើងអ៊ីស្រា‌អែល​អើយយើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!

22. យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នកដូច​ពពក​រសាត់​បាត់​ទៅចូរ​វិល​ត្រឡប់​មក​រក​យើង​វិញដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។

23. ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើងដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើងភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើងរីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់លោក​យ៉ាកុប​ហើយព្រះ‌អង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។

អេសាយ 44