1. ព្រះអម្ចាស់មានព្រះបន្ទូលថា:លោកនេះហើយជាអ្នកបម្រើដែលយើងគាំទ្រជាអ្នកដែលយើងបានជ្រើសរើសនិងជាទីគាប់ចិត្តរបស់យើង។យើងដាក់វិញ្ញាណរបស់យើងលើលោក។លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យ។
2. លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។
3. លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណាដែលទក់ហើយនោះទេហើយលោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរលោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន!
4. លោកនឹងមិនទន់ខ្សោយឡើយលោកអង់អាចជានិច្ចរហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យនៅលើផែនដីហើយមនុស្សនៅតាមកោះនានានាំគ្នារង់ចាំទទួលវិន័យពីលោក។
5. នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗទាំងអស់កកើតឡើង។ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យសត្វលោកទាំងឡាយនៅលើផែនដីហើយប្រទានជីវិតឲ្យអស់អ្នកដែលចរយាត្រានៅលើផែនដីនេះ។
6. យើងនេះហើយជាព្រះអម្ចាស់!យើងបានហៅអ្នកមកស្របតាមសេចក្ដីសុចរិតរបស់យើង។យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែកហើយតែងតាំងអ្នកជាសម្ពន្ធមេត្រីសម្រាប់ប្រជាជនឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
7. ប្រោសមនុស្សខ្វាក់ឲ្យភ្លឺនាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំងព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹត ឲ្យបានចេញរួចផង។
8. យើងមាននាមថា ព្រះអម្ចាស់យើងមិនប្រគល់សិរីរុងរឿងរបស់យើងទៅឲ្យព្រះណាផ្សេងទៀតឡើយ!យើងក៏មិនឲ្យព្រះក្លែងក្លាយណាទទួលការសរសើរតម្កើងជំនួសយើងដែរ!
9. មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាននៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយយើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនូវហេតុការណ៍ឯទៀតៗដែលនឹងកើតមានគឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុនហេតុការណ៍ទាំងនោះកកើតជារូបរាង។
10. អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីអស់អ្នកដែលធ្វើដំណើរតាមសមុទ្រនិងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រកោះទាំងឡាយព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ចូរសរសើរតម្កើងព្រះអង្គ!
11. អស់អ្នកដែលរស់នៅតាមវាលរហោស្ថាននិងតាមភូមិនានាក្នុងវាលរហោស្ថានអើយចូរនាំគ្នាបន្លឺសំឡេងឡើង!អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារនិងអ្នកក្រុងសេឡាអើយចូរនាំគ្នាស្រែកហ៊ោរំពងឡើង!អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយចូរនាំគ្នាស្រែកអបអរសាទរ!