15. យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មីដែលមានធ្មេញយ៉ាងមុតអ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
16. អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់អ្នកនឹងខ្ពស់មុខព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
17. ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹកតែរកពុំបានទេ គេស្រេកខះក។យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះពាក្យអង្វររបស់ពួកគេយើងជាព្រះនៃជនជាតិអ៊ីស្រាអែលនឹងមិនបោះបង់ចោលគេឡើយ។
18. យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ហើយមានទឹកហូរតាមជ្រលងភ្នំ។យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
19. យើងនឹងធ្វើឲ្យមានដើមគគីរ បេងនាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថានហើយដើមកកោះ ស្រល់ ស្រឡៅដុះជាមួយគ្នាតាមព្រៃរបោះ។
20. ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹងព្រមទាំងពិចារណា និងយល់ជាមួយគ្នាថាគឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
21. ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្សរបស់លោកយ៉ាកុប មានព្រះបន្ទូលថា៖«ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាងរបស់អ្នករាល់គ្នាមក!
22. ឲ្យព្រះទាំងនេះរៀបរាប់ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែលនឹងត្រូវកើតមាននៅអនាគត។ចូររំឭកយើងអំពីហេតុការណ៍ដែលកើតមាននៅគ្រាដើមដំបូងនោះយើងនឹងរិះគិត។ចូររៀបរាប់អំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅអនាគតកាលដើម្បីឲ្យបានដឹងផង។
23. ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខដូច្នេះ យើងនឹងទទួលស្គាល់ថាអ្នករាល់គ្នាពិតជាព្រះមែនចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដី ល្អក្ដីដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
24. តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរអស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះសុទ្ធតែជាមនុស្សគំរក់។
25. យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើងហើយអ្នកនោះក៏មកដល់។នៅទិសខាងកើត គេគោរពឈ្មោះគាត់គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានាដូចគេដើរជាន់ភក់ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។
26. តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ទាំងនេះជាមុនដើម្បីឲ្យយើងទទួលស្គាល់ និងពោលថាហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន!ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុនហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរគ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។
27. យើងទេតើ ដែលបាននាំដំណឹងមកដល់ក្រុងស៊ីយ៉ូនមុនគេដោយចាត់អ្នកនាំសារមកប្រាប់អ្នកក្រុងយេរូសាឡឹម។
28. យើងក្រឡេកមើលទៅពុំឃើញមាននរណាម្នាក់ទាល់តែសោះក្នុងចំណោមព្រះទាំងនោះគ្មាននរណាម្នាក់ផ្ដល់យោបល់ឬឆ្លើយនឹងសំណួរដែលយើងសាកសួរនោះទេ។
29. ព្រះទាំងនោះគ្មានបានការគេពុំអាចធ្វើអ្វីបានសោះឡើយរូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ឥតបានការអ្វីទាំងអស់!»