4. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយដូចតទៅ៖
5. «ចូរវិលទៅប្រាប់ស្ដេចហេសេគាថា ព្រះអម្ចាស់ ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។
6. យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី យើងក៏នឹងការពារក្រុងនេះដែរ”»។
7. លោកអេសាយទូលស្ដេចវិញថា៖ «ព្រះអម្ចាស់នឹងប្រទានទីសម្គាល់មួយ ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់មុខជាសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
8. គឺព្រះអង្គនឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។
9. ក្រោយពេលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា បានជាសះស្បើយពីជំងឺវិញ ស្ដេចក៏លើកទំនុកតម្កើងព្រះអម្ចាស់ដូចតទៅ:
10. «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុហើយខ្ញុំត្រូវលាចាកលោកនេះទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិតដែលនៅសល់នៅស្ថាននោះ។
11. ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញព្រះភ័ក្ត្ររបស់ ព្រះអម្ចាស់ក្នុងពិភពរបស់មនុស្សទៀតហើយហើយនៅក្នុងពិភពនេះខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។
12. ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅដូចគង្វាលរើជំរំរបស់គេព្រះអម្ចាស់ធ្វើឲ្យជីវិតខ្ញុំត្រូវចប់នៅពេលល្ងាច ដូចជាងតម្បាញមូរក្រណាត់ដែលគាត់បានត្បាញហើយនោះដែរ។
13. ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះព្រះអង្គធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំព្រះអម្ចាស់អើយ ចាប់ពីថ្ងៃដល់យប់ព្រះអង្គនឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។
14. ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាបភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោកឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់សូមជួយស្រោចស្រង់ទូលបង្គំផង!
15. តើខ្ញុំអាចថ្លែងដូចម្ដេច?តើខ្ញុំទូលទៅព្រះអង្គដូចម្ដេចខ្លះ?ព្រះអង្គទេតើដែលបានធ្វើឲ្យការណ៍នេះកើតឡើងខ្ញុំមានចិត្តជូរចត់ជាខ្លាំងធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។
16. ព្រះអម្ចាស់អើយ មនុស្សមានជីវិតដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គទូលបង្គំនៅមានដង្ហើមចេញចូលក៏ដោយសារតែព្រះហឫទ័យសប្បុរសនេះដែរព្រះអង្គប្រោសប្រទានឲ្យទូលបង្គំមានកម្លាំង និងមានជីវិតឡើងវិញ។
17. ឥឡូវនេះ ចិត្តជូរចត់របស់ទូលបង្គំប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតព្រះអង្គផ្ទាល់សព្វព្រះហឫទ័យស្រង់ជីវិតទូលបង្គំឲ្យចៀសផុតពីរណ្ដៅមច្ចុរាជព្រះអង្គលែងនឹកនាពីអំពើបាបរបស់ទូលបង្គំទៀតហើយ។
18. ក្នុងស្ថានមនុស្សស្លាប់គ្មាននរណាអាចលើកតម្កើងព្រះអង្គបានឡើយមច្ចុរាជក៏ពុំអាចសរសើរតម្កើងព្រះអង្គហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅក៏ពុំអាចសង្ឃឹមលើព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គបានទៀតដែរ។
19. មានតែអ្នកដែលនៅរស់ប៉ុណ្ណោះដែលអាចលើកតម្កើងព្រះអង្គដូចទូលបង្គំលើកតម្កើងព្រះអង្គនៅថ្ងៃនេះ។ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួនអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
20. ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង្គ្រោះទូលបង្គំយើងខ្ញុំនឹងប្រគំតូរ្យតន្ត្រីនៅក្នុងព្រះដំណាក់របស់ព្រះអង្គជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។
21. បន្ទាប់មក លោកអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ព្រះករុណាទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។