អេសាយ 37:8-28 Khmer Standard Version (KHSV)

8. មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ស្ដេច​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស ទៅ​វាយ​យក​ក្រុង​លីប‌ណា។

9. ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទារហា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ហេ‌សេគា ដោយ​ផ្ដាំ​ថា៖

10. «ចូរ​ប្រាប់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា​ដោយ​អះ‌អាង​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

11. ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ជំនាន់​មុនៗ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12. ពេល​អយ្យកោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​ឡើយ។

13. រីឯ​ស្ដេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

14. ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ មក​អាន រួច​ស្ដេច​យាង​ឡើង​ទៅ​ព្រះ‌ដំណាក់ យក​លិខិត​នោះ​លាត​បង្ហាញ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

15. ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖

16. «ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

17. ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេ‌រីប​បាន​ផ្ញើ​មក​ជេរ​ប្រមាថ ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ!

18. ឱ​ព្រះ‌អម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន

19. ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

20. ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់!»។

21. ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «ព្រះ‌ករុណា​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដី​អំពី​សានហេ‌រីប​ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី។ នេះ​ជា​ព្រះ‌បន្ទូល​ឆ្លើយ​តប​របស់​ព្រះ‌អម្ចាស់។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:សានហេ‌រីប​អើយ!ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារីនឹង​ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹមនឹង​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក។

23. តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា?តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏‌វិសុទ្ធរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

24. អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នកឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់។អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើនអញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយអញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗនិង​ដើម​ស្រឡៅ​ដ៏​ល្អៗ។អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។

25. អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹកពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីលទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។

26. សានហេ‌រីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថាយើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេចដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

27. អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។ពួក​គេ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាលឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការនិង​ដូច​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះពេល​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត​បក់​មកវា​ក៏​ក្រៀម​អស់​ទៅ។

28. ចំណែក​ឯ​យើង​វិញអ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់។ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ចូលឬ​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ។

អេសាយ 37