35. យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង»។
36. ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
37. ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។
38. ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។