22. ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា:សានហេរីបអើយ!ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារីនឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមនឹងគ្រវីក្បាលចំអកឲ្យអ្នក។
23. តើអ្នកបានជេរ និងត្មះតិះដៀលនរណា?តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា?គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
24. អ្នកបានប្រើពួកបម្រើរបស់អ្នកឲ្យមកជេរព្រះអម្ចាស់។អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើនអញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយអញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗនិងដើមស្រឡៅដ៏ល្អៗ។អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេហើយចូលទៅដល់ព្រៃស្រោងផង។
25. អញបានជីកអណ្ដូង ហើយផឹកទឹកពេលអញឈានជើងជាន់តំបន់ទន្លេនីលទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។
26. សានហេរីបអើយ អ្នកមិនដឹងទេឬថាយើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!ឥឡូវនេះ យើងធ្វើឲ្យសម្រេចដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំឲ្យក្លាយទៅជាគំនរឥដ្ឋ។
27. អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាលឬដូចរុក្ខជាតិនៅតាមចម្ការនិងដូចស្មៅដែលដុះនៅលើដំបូលផ្ទះពេលខ្យល់ក្ដៅពីទិសខាងកើតបក់មកវាក៏ក្រៀមអស់ទៅ។
28. ចំណែកឯយើងវិញអ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូលឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។
29. អ្នកច្រឡោតខឹងនឹងយើងយើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នកហេតុនេះហើយបានជាយើងយកកន្លុះមកដាក់ច្រមុះអ្នកនិងយកបង្ហៀរមកដាក់មាត់អ្នកហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញតាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
30. ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។