13. រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14. ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
15. ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
16. «ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
17. ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ!
18. ឱព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន
19. ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
20. ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
21. ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។