1. កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
2. ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។
3. ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។
4. ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5. មន្ត្រីរបស់ព្រះបាទហេសេគានាំគ្នាទៅជួបលោកអេសាយ
6. ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។
7. បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
8. មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។
9. ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖
10. «ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11. ព្រះករុណាជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12. ពេលអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែត និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេឡើយ។
13. រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14. ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
15. ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
16. «ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។