9. សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។
10. មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចស្រុកនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបង្គាប់ឲ្យយើងមកវាយកម្ទេចស្រុកនេះ»។
11. ពេលនោះ លោកអេលាគីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
12. មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។
13. បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរី ដូចតទៅ:
14. ព្រះករុណាមានរាជឱង្ការថា: កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត
15. កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។
16. កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ
17. រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ”។