2. បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយរូបពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
3. ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង ចេញទៅជួបមេទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអាជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
4. មេទ័ពរបស់ព្រះចៅសានហេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា តើព្រះករុណាមានអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ?
5. ព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ?
6. ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
7. ព្រះករុណា ប្រហែលជាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន?
8. ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!
9. សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។