13. បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរី ដូចតទៅ:
14. ព្រះករុណាមានរាជឱង្ការថា: កុំទុកឲ្យស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត
15. កុំទុកឲ្យស្ដេចហេសេគានាំអ្នករាល់គ្នាទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។
16. កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ
17. រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ”។
18. កុំទុកឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ!
19. តើព្រះរបស់ក្រុងហាម៉ាត ព្រះរបស់ក្រុងអើផាឌ ព្រះរបស់ពួកសេផាវែម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង?
20. ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
21. ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទហេសេគា បង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។
22. លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសេបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្ដេចស្រុកអាស្ស៊ីរី។