1. ប្រជាជាតិទាំងឡាយអើយចូរនាំគ្នាចូលមក ហើយស្ដាប់ចុះជាតិសាសន៍ទាំងឡាយអើយចូរនាំគ្នាផ្ទៀងត្រចៀក!ផែនដី និងអ្វីៗនៅលើផែនដីពិភពលោក និងអ្វីៗដែលកើតចេញពីពិភពលោកចូរធ្វើជាសាក្សីដឹងឮចុះ!
2. ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹងប្រជាជាតិទាំងអស់ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មានរបស់ពួកគេ។ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំងសម្លាប់រង្គាល។
3. សាកសពរបស់ពួកគេនឹងត្រូវទុកចោលឲ្យមានក្លិនអសោចហើយឈាមរបស់ពួកគេហូរពាសពេញភ្នំ។
4. ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុកហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរដែលជ្រុះអស់នោះដែរ។
5. ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុមដើម្បីបំផ្លាញប្រជាជនដែលព្រះអង្គបានកាត់ទោសនេះថ្វាយផ្ដាច់ដល់ព្រះអង្គ។
6. ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែឈាម និងខ្លាញ់គឺដូចឈាមកូនចៀម និងពពែឈ្មោលដូចខ្លាញ់ដែលជាប់នឹងក្រលៀនរបស់ចៀមឈ្មោលដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ាហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំងនៅស្រុកអេដុម។
7. នៅពេលនោះ ក្របី គោស្ទាវ និងគោបាវិនាសជាមួយគ្នាដីនឹងជោកជាំទៅដោយឈាមហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់
8. ដ្បិតថ្ងៃនោះជាថ្ងៃដែលព្រះអម្ចាស់សងសឹកខ្មាំងសត្រូវហើយនៅឆ្នាំនោះ ព្រះអង្គជម្រះបញ្ជីពួកគេជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។
9. ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្មដីរបស់គេនឹងក្លាយជាស្ពាន់ធ័រហើយស្រុករបស់គេប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។
10. គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់មានផ្សែងហុយអស់កល្បជានិច្ច។ស្រុកទេសរបស់គេនឹងនៅជាទីស្មសានជាដរាបតរៀងទៅ ឥតមាននរណាម្នាក់ដើរកាត់តាមនោះទៀតឡើយ។
11. សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុកហើយទីទុយ និងក្អែកក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោចឥតរូបរាងអ្វីទៀតឡើយ។