8. រីឯមនុស្សថ្លៃថ្នូរវិញគេរៀបចំគម្រោងការដ៏ថ្លៃថ្នូរហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
9. ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុកឥតកង្វល់អើយចូរក្រោកឡើង ស្ដាប់ពាក្យយើងចូរផ្ទៀងត្រចៀកស្ដាប់យើង!
10. ពួកស្ត្រីដែលឥតកង្វល់អើយក្នុងរយៈពេលជាងមួយឆ្នាំទៀតអ្នករាល់គ្នានឹងត្រូវភ័យញ័រដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែហើយដំណាំឯទៀតៗក៏គ្មានផលដែរ។
11. ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុកអ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ពួកស្ត្រីដែលឥតកង្វល់អើយអ្នករាល់គ្នានឹងត្រូវភ័យញ័រ!ចូរយកសម្លៀកបំពាក់ចេញរួចពាក់អាវកាន់ទុក្ខវិញ!
12. ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខហើយយំស្រណោះស្រែចម្ការនិងស្រណោះចម្ការទំពាំងបាយជូរដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ!
13. នៅលើដីនៃប្រជាជនរបស់យើងមានដុះសុទ្ធតែគុម្ពរពាក់ និងបន្លាហើយក្នុងក្រុងដ៏សប្បាយនេះសូម្បីតែនៅតាមផ្ទះទាំងប៉ុន្មានដែលធ្លាប់មានសុភមង្គលក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
14. វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោលក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំកំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុងនឹងក្លាយទៅជាជម្រករបស់លាព្រៃហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
15. ប៉ុន្តែ ថ្ងៃមួយ ព្រះអម្ចាស់នឹងចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើងពេលនោះ វាលរហោស្ថាននឹងប្រែទៅជាចម្ការដំណាំហើយចម្ការដំណាំមានដើមឈើដុះដេរដាសដូចជាព្រៃព្រឹក្សាវិញ។
16. ពេលនោះ អ្នកនៅតាមវាលរហោស្ថាននឹងរស់នៅដោយយុត្តិធម៌ហើយអ្នកនៅតាមចម្ការក៏នឹងរស់នៅដោយសុចរិតដែរ។
17. សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាពអំពើសុចរិតនឹងនាំមកនូវសន្តិសុខនិងសេចក្ដីសុខសាន្តរហូតតទៅ។
18. ប្រជាជនរបស់យើងនឹងរស់នៅក្នុងកន្លែងស្ងប់ស្ងាត់គេអាស្រ័យនៅកន្លែងសាន្តត្រាណហើយសម្រាកនៅកន្លែងសុខក្សេមក្សាន្ត។
19. រីឯព្រៃព្រឹក្សានឹងត្រូវហិនហោចដោយសារព្រឹលហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។
20. ចំពោះអ្នករាល់គ្នាវិញអ្នករាល់គ្នាមានសុភមង្គលហើយអ្នកនឹងសាបព្រោះនៅតាមមាត់ទឹកព្រមទាំងលែងគោ និងលារបស់ខ្លួនឲ្យស៊ីស្មៅតាមចិត្ត។