1. អស់អ្នកដែលរត់ទៅស្រុកអេស៊ីបដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន!អ្នកទាំងនោះពឹងផ្អែកលើសេះនិងទុកចិត្តលើរទេះចំបាំងព្រោះឃើញមានចំនួនច្រើនពួកគេទុកចិត្តលើកងទ័ពសេះព្រោះឃើញថាខ្លាំងពូកែតែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលទេពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
2. រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើងព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិតដែលគេហៅឲ្យមកជួយ។
3. ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេសេះរបស់ពួកគេជាសត្វគឺមិនមែនជាទេវតាឡើយ។ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើងអ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួលហើយអ្នកដែលគេជួយក៏នឹងដួលដែរគឺគេត្រូវវិនាសជាមួយគ្នា។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:«ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពាទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាមចង់ដណ្ដើមរំពានោះពីវាក្ដីក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេឬដកខ្លួនថយ ដោយសំឡេងបង្អើលរបស់ពួកគង្វាលនោះឡើយ។រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូលក៏ដូច្នោះដែរយើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
5. ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារក្រុងយេរូសាឡឹមដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹមព្រះអង្គសង្គ្រោះក្រុងនេះមិនឲ្យវិនាសអន្តរាយឡើយ។
6. កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ!
7. អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។