4. ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នាទៅដល់ក្រុងសូអានហើយទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស
5. តែពួកគេនឹងត្រូវខកចិត្តដោយឃើញថាប្រជាជនអេស៊ីបពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេគឺជនជាតិអេស៊ីបពុំអាចសង្គ្រោះពុំអាចជួយពួកគេបានទាល់តែសោះ!ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវអាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
6. សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប:ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាចជាកន្លែងដែលមានសត្វសិង្ហមានពស់វែក និងមាននាគហោះពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃលើខ្នងលា និងលើខ្នងអូដ្ឋយកទៅឲ្យប្រជាជាតិមួយដែលពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
7. ជំនួយរបស់ស្រុកអេស៊ីបគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះគឺពុំមានប្រយោជន៍អ្វីឡើយ។ហេតុនេះហើយបានជាយើងដាក់ងារឲ្យស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើងតែមិនបានការអ្វី»។
8. ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្មហើយសរសេរជាលាយលក្ខណ៍អក្សរនៅចំពោះមុខអ្នកក្រុងយេរូសាឡឹមទុកជាឯកសារទៅអនាគតទុកជាភស្ដុតាងអស់កល្បជាអង្វែងតរៀងទៅ។
9. ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរពួកគេសុទ្ធតែជាកូនអកតញ្ញូដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។
10. គេបំបិទមាត់ហោរាថា “កុំទាយអី”ហើយប្រាប់គ្រូទស្សន៍ទាយថា“កុំទស្សន៍ទាយការពិតចូរពោលតែពាក្យបញ្ចើចបញ្ចើនិងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
11. ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវចូរឃ្លាតចាកពីគន្លងធម៌កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលប្រាប់យើងទៀត!”។
12. ហេតុនេះហើយបានជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើងហើយបែរទៅពឹងផ្អែកលើអំណាចផ្ដាច់ការ និងកលល្បិច។
13. អំពើអាក្រក់នេះនឹងបណ្ដាលឲ្យអ្នករាល់គ្នាវិនាសសូន្យដោយមិនដឹងខ្លួនដូចស្នាមនៅលើកំពែងដ៏ខ្ពស់ធ្វើឲ្យកំពែងប្រេះរលំភ្លាមមួយរំពេច។
14. កំពែងនោះនឹងរលំខ្ទេចខ្ទីដូចក្អមដីដែលជាងស្មូនបោកកម្ទេចគ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រានឬដួសទឹកពាងក៏មិនបានផង។
15. ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលទៀតថា៖ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញហើយនៅស្ងប់ស្ងៀមនោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀមហើយទុកចិត្តលើយើងនោះអ្នករាល់គ្នាមុខជាមានកម្លាំង!ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។
16. អ្នករាល់គ្នាបែរជាពោលថា«ទេ! យើងនឹងជិះសេះរត់ទៅ!»ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។អ្នករាល់គ្នាបានពោលទៀតថា«រទេះចំបាំងរបស់យើងបរលឿនណាស់»ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយមានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។