20. នៅគ្រាមានអាសន្នព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នានៅពេលខ្វះខាតព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ព្រះអង្គដែលបង្រៀនអ្នកលែងពួននឹងអ្នកទៀតហើយអ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។
21. បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេងអ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា«នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
22. ពេលនោះ អ្នករាល់គ្នានឹងចាត់ទុកមាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមារបស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធអ្នកនឹងយកទៅបោះចោលដូចសំរាមដោយពោលថា «វត្ថុគំរក់!»។
23. ព្រះអម្ចាស់នឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមកលើគ្រាប់ពូជដែលអ្នកបានសាបព្រោះហើយដីនឹងធ្វើឲ្យដំណាំដុះឡើងយ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
24. គោ និងក្របីដែលធ្លាប់អូសនង្គ័លក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុតដែលគេជជុះនឹងរនាស់ដែរ។
25. នៅថ្ងៃមហាពិឃាតគឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំនោះនឹងមានទឹកហូរស្រោចស្រពភ្នំទាំងធំទាំងតូច។
26. នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យប្រជារាស្ត្ររបស់ព្រះអង្គនៅពេលព្រះអង្គព្យាបាលគេឲ្យជាពីមុខរបួសទាំងអស់ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដងគឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
27. មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំងព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
28. ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹងទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះឲ្យវិនាសបាត់បង់ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
29. រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
30. ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀងប្រកបដោយតេជបារមីព្រះអង្គនឹងបង្ហាញព្រះចេស្ដានិងព្រះពិរោធរបស់ព្រះអង្គតាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅតាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀងនិងព្រឹលដែលបង្អុរចុះមក។
31. ជនជាតិអាស្ស៊ីរីនឹងភ័យញាប់ញ័រជាខ្លាំងនៅពេលឮព្រះសូរសៀងរបស់ព្រះអម្ចាស់និងពេលព្រះអង្គវាយធ្វើទោសពួកគេ។
32. គ្រប់ពេលដែលពួកគេត្រូវដំបង គឺនៅពេលព្រះអម្ចាស់វាយពួកអាស្ស៊ីរី នោះនឹងឮស្នូរសំឡេងក្រាប់ និងចាប៉ី លេងកំដរផង។