17. ខ្មាំងសត្រូវតែម្នាក់គំរាមកំហែងអ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នារត់អស់គ្មានសល់។ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នាអ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។
18. ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គត្រូវប្រណីសន្ដោសអ្នករាល់គ្នាព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នាដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។អស់អ្នកដែលសង្ឃឹមលើព្រះអង្គប្រាកដជាមានសុភមង្គលពុំខាន។
19. ប្រជាជនក្រុងស៊ីយ៉ូនអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយអ្នកនឹងលែងយំសោកទៀតហើយ!ពេលណាអ្នកស្រែកហៅរកព្រះអង្គព្រះអង្គនឹងប្រណីសន្ដោសពេលណាព្រះអង្គឮសំឡេងអ្នកព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។
20. នៅគ្រាមានអាសន្នព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នានៅពេលខ្វះខាតព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ព្រះអង្គដែលបង្រៀនអ្នកលែងពួននឹងអ្នកទៀតហើយអ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។
21. បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេងអ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា«នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
22. ពេលនោះ អ្នករាល់គ្នានឹងចាត់ទុកមាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមារបស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធអ្នកនឹងយកទៅបោះចោលដូចសំរាមដោយពោលថា «វត្ថុគំរក់!»។
23. ព្រះអម្ចាស់នឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមកលើគ្រាប់ពូជដែលអ្នកបានសាបព្រោះហើយដីនឹងធ្វើឲ្យដំណាំដុះឡើងយ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
24. គោ និងក្របីដែលធ្លាប់អូសនង្គ័លក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុតដែលគេជជុះនឹងរនាស់ដែរ។
25. នៅថ្ងៃមហាពិឃាតគឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំនោះនឹងមានទឹកហូរស្រោចស្រពភ្នំទាំងធំទាំងតូច។
26. នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យប្រជារាស្ត្ររបស់ព្រះអង្គនៅពេលព្រះអង្គព្យាបាលគេឲ្យជាពីមុខរបួសទាំងអស់ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដងគឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
27. មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំងព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
28. ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹងទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះឲ្យវិនាសបាត់បង់ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។