12. ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា“ទុកឲ្យអ្នកហត់នឿយមករកសម្រាកលំហែកាយចុះ”តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
13. ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។
14. មេដឹកនាំក្រុងយេរូសាឡឹមដែលចូលចិត្តតែនិយាយចំអកអើយ!ចូរនាំគ្នាស្ដាប់ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
15. អ្នករាល់គ្នាអះអាងថាអ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយស្ថានមនុស្សស្លាប់។កាលណាមានគ្រោះកាចមកដល់អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹងនិងយកការភូតភរជាជម្រក។
16. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះនៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃហើយជាគ្រឹះដ៏មាំ។អ្នកណាពឹងផ្អែកលើថ្មនេះអ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
17. យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។ខ្យល់ព្យុះនឹងបក់រំលើងការកុហកដែលជាទីពឹងរបស់អ្នករាល់គ្នាហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរដែលជាជម្រករបស់អ្នករាល់គ្នាទៅដែរ។
18. សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរពេលគ្រោះកាចមកដល់អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។
19. រាល់ពេលដែលគ្រោះកាចនោះមកដល់ វានឹងបំផ្លាញអ្នករាល់គ្នា គ្រោះកាចនោះនឹងកើតមានរៀងរាល់ព្រឹករៀងរាល់ថ្ងៃ និងរៀងរាល់យប់។ បើគ្រាន់តែឮសូរគេនិយាយ ក៏ធ្វើឲ្យញ័ររន្ធត់ដែរ។
20. ពេលនោះ គ្រែដេកបែរទៅជាខ្លីពេករីឯភួយក៏តូចពេករកដណ្ដប់ពុំបានដែរ។
21. ព្រះអម្ចាស់នឹងយាងមកដូចកាលព្រះអង្គយាងមកនៅភ្នំពេរ៉ាស៊ីមនិងវាលទំនាបគីបៀនដែរព្រះអង្គក្រោកឡើងសម្តែងឫទ្ធិបារមីដែលជាឫទ្ធិបារមីដ៏ចម្លែកព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គដែលជាកិច្ចការខុសប្លែកពីធម្មតា។
22. ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ព្រះអង្គសម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។
23. ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ!
24. តើអ្នកភ្ជួរដី ដើម្បីសាបព្រោះចេះតែភ្ជួរជានិច្ចរហូតទៅឬ?តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ?
25. ទេ មិនដូច្នោះទេ!ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយគាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះគាត់ព្រោះពូជស្រូវហើយព្រោះពូជស្រូវដំណើបតាមកន្លែងដែលគាត់បានកំណត់ទុកព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អនៅកៀនៗ។
26. ព្រះជាម្ចាស់ប្រាប់ឲ្យគាត់ដឹងថាតើត្រូវធ្វើយ៉ាងណាៗខ្លះព្រះអង្គបង្ហាត់បង្រៀនគាត់។