1. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើ ព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។
2. នៅថ្ងៃនោះ ចូរនាំគ្នាបន្លឺសំឡេងច្រៀងសរសើរចម្ការទំពាំងបាយជូរដែលផ្ដល់ស្រាដ៏មានរសជាតិឆ្ងាញ់ពិសា។
3. ព្រះអម្ចាស់មានព្រះបន្ទូលថា៖យើងថែរក្សាចម្ការទំពាំងបាយជូរយើងស្រោចទឹកវា ត្រូវតាមពេលកំណត់។យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។
4. យើងមិនខឹងសម្បារនឹងវាទៀតទេប៉ុន្តែ ប្រសិនបើយើងឃើញបន្លា ឬអញ្ចាញដុះនៅក្នុងនោះយើងនឹងកាប់ឆ្ការវាព្រមទាំងដុតកម្ទេចចោលទៀតផង។
5. បើគេចូលមកជ្រកកោននឹងយើងហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើងនោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។
6. នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុបនឹងចាក់ឫសពូជពង្សរបស់លោកអ៊ីស្រាអែលនឹងមានពន្លកដុះចេញមករួចមានផ្កា មានផ្លែពាសពេញលើផែនដី។
7. តើព្រះអម្ចាស់បានវាយប្រជារាស្ត្ររបស់ព្រះអង្គដូចព្រះអង្គវាយអស់អ្នកដែលបានវាយពួកគេឬទេ?តើព្រះអង្គប្រហារជីវិតពួកគេដូចព្រះអង្គប្រហារជីវិតអស់អ្នកដែលបានសម្លាប់ពួកគេឬទេ?
8. ទេ! ព្រះអម្ចាស់ដាក់ទោសប្រជារាស្ត្ររបស់ព្រះអង្គ ដោយនិរទេសពួកគេគឺព្រះអង្គបានបណ្ដេញពួកគេដោយសារខ្យល់បក់បោកយ៉ាងខ្លាំងពីបូព៌ាប្រទេស។
9. ដោយព្រះអម្ចាស់លើកលែងទោសឲ្យកូនចៅរបស់លោកយ៉ាកុបរួចពីបាបពួកគេនឹងកម្ទេចថ្មអាសនៈរបស់ព្រះក្លែងក្លាយឲ្យខ្ទេចដូចថ្មកំបោរដែលគេកម្ទេចឲ្យទៅជាធូលីដីព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ានិងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។