1. នៅថ្ងៃនោះ ក្នុងស្រុកយូដាគេនឹងច្រៀងបទចម្រៀងដូចតទៅ:«យើងមានក្រុងមួយដ៏រឹងមាំព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើងទុកជាកំពែង និងជញ្ជាំង ការពារយើង។
2. ចូរបើកទ្វារឲ្យប្រជាជាតិដ៏សុចរិតដែលមានចិត្តស្មោះស្ម័គ្រចូលផង!
3. ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ដល់ប្រជាជាតិនេះព្រោះគេមានជំហររឹងប៉ឹងហើយផ្ញើជីវិតលើព្រះអង្គ។
4. ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ!ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
5. ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃព្រះអង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗឲ្យរាបដល់ដី កប់ក្នុងធូលី
6. មនុស្សទន់ទាប និងមនុស្សទន់ខ្សោយនឹងដើរជាន់ក្រុងនោះ»។
7. ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឲ្យមនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិតឲ្យរាបស្មើ។
8. ឱព្រះអម្ចាស់អើយ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គយើងខ្ញុំដើរតាមមាគ៌ាដែលព្រះអង្គបានត្រួសត្រាយទុកចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះ។
9. នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដីស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គពួកគេនឹងស្គាល់សេចក្ដីសុចរិត។
10. ប្រសិនបើព្រះអង្គលើកលែងទោសឲ្យមនុស្សអាក្រក់នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេគឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងស្រុកដ៏សុចរិតនេះហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់ឡើយ។
11. ឱព្រះអម្ចាស់អើយ!អ្នកទាំងនោះពុំចាប់អារម្មណ៍ថាព្រះអង្គកំពុងតែគំរាមពួកគេទេ។សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ដោយឃើញរបៀបដែលព្រះអង្គការពារប្រជារាស្ដ្ររបស់ព្រះអង្គ។សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
12. បពិត្រព្រះអម្ចាស់!ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្តអ្វីៗដែលយើងខ្ញុំប្រព្រឹត្តព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។
13. ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ!ក្រៅពីព្រះអង្គ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើនត្រួតត្រាលើយើងខ្ញុំប៉ុន្តែ មានតែព្រះនាមព្រះអង្គមួយប៉ុណ្ណោះដែលយើងខ្ញុំចង់គោរពបម្រើ។