1. ព្រះអម្ចាស់អើយព្រះអង្គជាព្រះនៃទូលបង្គំទូលបង្គំសូមកោតសរសើរ និងលើកតម្កើងព្រះកិត្តិនាមរបស់ព្រះអង្គដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។គម្រោងការដែលព្រះអង្គរៀបចំទុកតាំងពីយូរយារណាស់មកហើយនោះសុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
2. ព្រះអង្គបានរំលាយទីក្រុងឲ្យក្លាយទៅជាគំនរឥដ្ឋព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំក្លាយទៅជាគំនរបាក់បែកបន្ទាយរបស់ខ្មាំងបានរលាយសូន្យលែងមានឈ្មោះជាទីក្រុងទៀតហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
3. ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គសូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ
4. ដ្បិតព្រះអង្គជាកំពែងការពារមនុស្សទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌តក្នុងពេលមានអាសន្នព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះហើយជាម្លប់បាំងកម្ដៅព្រោះកំហឹងរបស់មនុស្សសាហាវប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
5. ព្រះអង្គបង្ក្រាបមនុស្សព្រៃឲ្យបាត់មាត់ឈឹងដូចព្រះអង្គបន្ថយកម្ដៅក្នុងទីហួតហែង។ព្រះអង្គក៏ធ្វើឲ្យចម្រៀងជោគជ័យរបស់មនុស្សសាហាវប្រែជាស្ងាត់សូន្យដូចពពកបន្ថយកម្ដៅថ្ងៃដែរ។
6. ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀងប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូនគឺមានម្ហូបដ៏ឆ្ងាញ់ពិសានិងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុតមានសាច់ចំឡក និងស្រាទំពាំងបាយជូរដែលគេសំរាំងយ៉ាងល្អ។
7. នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខចេញពីជាតិសាសន៍ទាំងប៉ុន្មានហើយក៏ដកវាំងននទុក្ខព្រួយចេញពីប្រជាជាតិទាំងអស់ដែរ។
8. ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់។ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។