4. ស៊ីដូនជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រអើយអ្នកត្រូវអាម៉ាស់ហើយដ្បិតសមុទ្រពោលថា:ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូនហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។
5. ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីបអ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបានឮដំណឹងពីហេតុការណ៍ដែលកើតមានដល់ក្រុងទីរ៉ុសដែរ។
6. អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីសហើយស្រែកយំនៅទីនោះទៅ!។
7. តើនេះឬទីក្រុងរបស់អ្នករាល់គ្នាជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរជាក្រុងដែលមានកំណើតពីបុរាណកាលមកហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ?
8. តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ?ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេចឲ្យគ្រងរាជ្យលើស្រុកនានាអ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែគោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។
9. ព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះដើម្បីបំបាក់អំនួតរបស់អស់អ្នកដែលស្រឡាញ់កិត្តិយសនិងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួននៅលើផែនដីនេះ។
10. ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នកដូចគេភ្ជួររាស់នៅតាមទន្លេនីលដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវាមកពីស្រុកតើស៊ីសចូលចតទៀតហើយ!។
11. ព្រះអម្ចាស់បានលាតព្រះហស្ដទៅលើសមុទ្រព្រះអង្គបានធ្វើឲ្យនគរទាំងឡាយញាប់ញ័រព្រះអង្គបានបញ្ជាឲ្យជនជាតិកាណានកម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
12. ព្រះអង្គមានព្រះបន្ទូលថា:អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយអ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយតទៅមុខទៀតហើយទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដីក៏នៅតែពុំបានសម្រាកដែរ។
13. ចូរមើលទៅស្រុកខាល់ដេ!ស្រុកនោះលែងមានប្រជាជនទៀតហើយព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះក្លាយទៅជាជម្រករបស់សត្វព្រៃ។ពួកគេបានដំឡើងប៉មចាំយាមហើយផ្ដួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុសឲ្យបាក់បែកអស់។
14. នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយចូរស្រែកយំទៅ ដ្បិតទីក្រុងជាជម្រករបស់អ្នករាល់គ្នារលាយសូន្យបាត់ទៅហើយ!
15. នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយអង្គ។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្ដីអំពីស្ត្រីពេស្យាថា:
16. «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយចូរយកចាប៉ីមួយមកហើយដើរព័ទ្ធជុំវិញទីក្រុងទៅ!ចូរលេងឲ្យពីរោះចូរច្រៀងហើយច្រៀងទៀតទៅដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។
17. លុះចិតសិបឆ្នាំកន្លងផុតទៅ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។
18. ប៉ុន្តែ កំរៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកថ្វាយព្រះអម្ចាស់ គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកបានឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើព្រះអម្ចាស់ និងជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរសម្រាប់ពួកគេ។