1. សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ:យេរូសាឡឹមអើយ!តើមានរឿងអ្វីកើតឡើងដល់អ្នកបានជាប្រជាជនរបស់អ្នកនាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
2. ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ?ទាហានរបស់អ្នក ដែលស្លាប់មិនមែនស្លាប់ដោយមុខដាវទេហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
3. នាយទាហានរបស់អ្នកត្រូវបរាជ័យបាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្ដីក៏ខ្មាំងសត្រូវចាប់បានពួកគេយកទៅជាឈ្លើយដែរ។
4. ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថាកុំរវីរវល់នឹងខ្ញុំអីទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅមិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំត្រូវអន្តរាយនោះឡើយ
5. ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលធ្វើឲ្យមានចលាចលបរាជ័យ និងភាពច្របូកច្របល់។នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះកំពែងក្រុងត្រូវស្រុតអ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
6. កងទ័ពអេឡាមស្ពាយបំពង់ព្រួញមកហើយក៏មានរទេះចំបាំង និងកងពលសេះមកជាមួយដែរ។រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
7. យេរូសាឡឹមអើយ!ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នកមានពេញទៅដោយរទេះចំបាំងហើយកងពលសេះតំរៀបគ្នានៅមាត់ទ្វាររបស់អ្នក។
8. យូដាគ្មានអ្វីការពារខ្លួនទេនៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿងសស្ត្រាវុធនៅក្នុងប្រាសាទព្រៃ។
9. អ្នករាល់គ្នាបានឃើញកំពែងក្រុងរបស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែងអ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការនៅក្នុងស្រះប៉ែកខាងក្រោម។
10. អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹមហើយអ្នករាល់គ្នារំលំផ្ទះខ្លះដើម្បីឲ្យងាយការពារកំពែងក្រុង។
11. អ្នករាល់គ្នាជីកអាងទឹកនៅចន្លោះកំពែងទាំងពីរដើម្បីបង្ហូរទឹកពីស្រះចាស់មក។ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់ដែលបានធ្វើការអស់ទាំងនេះទេអ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គដែលរៀបចំគម្រោងការនេះតាំងពីយូរណាស់មកហើយ។