3. យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតីហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយពួកគេនឹងទៅបន់ព្រះក្លែងក្លាយទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្សនិងរកគ្រូទាយឲ្យជួយ។
4. យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃរបស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹងមានស្ដេចកំណាចគ្រងរាជ្យលើពួកគេ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
5. ទឹកសមុទ្រនឹងហួតបាត់អស់ទៅហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។
6. ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រកហើយរីងអស់ទៅ។ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
7. ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រនឹងហិនហោចអស់គ្មានសល់!អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីលក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
8. ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។
9. ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់នឹងមានទឹកមុខស្លេកស្លាំង។
10. អស់អ្នកដែលជាជន្ទល់របស់ស្រុកទេសនឹងបាត់បង់ទឹកចិត្តហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។
11. ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើរីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោនជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើតែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា“ទូលបង្គំជាពូជអ្នកប្រាជ្ញជាពូជស្ដេចនៅជំនាន់ដើម”។
12. ព្រះចៅផារ៉ោនអើយអ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា?សូមឲ្យពួកគេទូលព្រះករុណាអំពីហេតុការណ៍ដែលព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!
13. ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលាពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិគឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីបឲ្យវង្វេង។
14. ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតីពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹកដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
15. នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
16. នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញព្រះអម្ចាស់នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។
17. ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំឭកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែលព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។
18. គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ ហើយអ្នកក្រុងនោះស្បថស្បែថា គេនឹងគោរពបម្រើព្រះអម្ចាស់នៃពិភពទាំងមូល។ ក្រុងមួយក្នុងចំណោមក្រុងទាំងប្រាំ នឹងមានឈ្មោះថា “ក្រុងរបស់ព្រះអាទិត្យ”។
19. គ្រានោះ គេនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន
20. ទុកជាសញ្ញាបញ្ជាក់ថា ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបអង្វរសូមព្រះអម្ចាស់ជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។
21. ព្រះអម្ចាស់នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់ព្រះអម្ចាស់ពិតមែន។ ពួកគេនឹងគោរពបម្រើព្រះអង្គ ដោយថ្វាយយញ្ញបូជា និងតង្វាយផ្សេងៗ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។