1. សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: ព្រះអម្ចាស់យាងមកស្រុកអេស៊ីបដោយគង់លើពពកមួយដុំដែលរសាត់យ៉ាងលឿន។ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ព្រះអង្គមានព្រះបន្ទូលថា:
2. «យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯងម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួនក្រុងមួយច្បាំងនឹងក្រុងមួយហើយនគរមួយច្បាំងនឹងនគរមួយទៀត។
3. យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតីហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយពួកគេនឹងទៅបន់ព្រះក្លែងក្លាយទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្សនិងរកគ្រូទាយឲ្យជួយ។
4. យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃរបស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹងមានស្ដេចកំណាចគ្រងរាជ្យលើពួកគេ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
5. ទឹកសមុទ្រនឹងហួតបាត់អស់ទៅហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។
6. ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រកហើយរីងអស់ទៅ។ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
7. ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រនឹងហិនហោចអស់គ្មានសល់!អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីលក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
8. ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។
9. ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់នឹងមានទឹកមុខស្លេកស្លាំង។
10. អស់អ្នកដែលជាជន្ទល់របស់ស្រុកទេសនឹងបាត់បង់ទឹកចិត្តហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។